សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យទប់ស្កាត់ ការឆ្លងដែនរបស់ជនជាតិវៀតណាម
នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមអនឡាញ បានបង្ហាញការព្រួយបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ នៅតាមព្រំដែនប្រទេសវៀតណាម ដោយសារតែអានិកជនវៀតណាមមួយចំនួននៅតែបន្តឆ្លងដែនចេញ-ចូល ប្រទេសកម្ពុជាដែលអាចនាំចូលករណីកូវីដដែលតាមកទៀត។
សម្តេចតេជោហ៊ុន សែន បានថ្លែងថា សម្តេចបានឃើញក្នុងក្រុមប្រឆាំងកូវីដ១៩ មានរបាយការណ៍អានិតជនវៀតណាមនៅតែចេញចូលព្រំដែនកម្ពុជាដដែល។
សម្តេចបានថ្លែងបន្តថា “កាលពីម្សិលមិញនេះ មានអានិកជនវៀតណាម ៦៩នាក់ឆ្លងដែនពីប្រទេសកម្ពុជាទៅវៀតណាមប្រទេសវៀតណាម ហើយពេលនោះត្រូវខាងវៀតណាមចុះផ្សាយថា ជាអ្នកឆ្លងដែនខុសច្បាប់របស់កម្ពុជា ខណៈអ្នកឆ្លងដែនទាំងនោះជាជនជាតិរបស់គាត់។”
ដូចនេះតាមព្រំដែនត្រូវតែមានការហាមឃាត់ចាប់ពីពេលនេះ ហើយជំងឺឆ្លងនេះគឺឆ្លងតាមមនុស្ស។ ឥលូវនេះវៀតណាមកំពុងផ្ទុះហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងអត្រាមួយខ្ពស់ គឺឈានដល់ខ្ទង់ជាងពាន់នាក់រយៈពេលពីរបីថ្ងៃជាប់គ្នា។ ជាពិសេសនៅក្នុងទីក្រុងហូជីមិញ ដែលនាំឱ្យអាជ្ញាធរចាត់វិធានការបិទទីក្រុងនេះថែមទៀតផង។
ក្រៅតែពីនៅទីក្រុងហូជីមិញ នៅតាមខេត្តជាប់ព្រំដែនជាមួយកម្ពុជា ក៏កំពុងរងការរាតត្បាតជំងឺកូវីដ១៩ខ្លាំងផងដែរ។ ដូចនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យត្រួតពិនិត្យបន្ថែមនៅតាមខេត្តជាប់ព្រំដែនវៀតណាម បញ្ឈប់ឱ្យមានការឆ្លងចេញចូលរបស់ជនជាតិវៀតណាម។
ការឆ្លងចេញចូលរបស់អានិកជនវៀតណាម ជាបញ្ហាគ្រោះថ្នាក់មួយនាំដល់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមខេត្តជាប់ព្រំដែនផងដែរ៕