មកស្វែងយល់ពីក្បួនជំនួញដ៏ជោគជ័យរបស់ជនជាតិចិន គឺក្បួនមាសទាំង១២ចំណុច

បើនិយាយពីការរកស៊ី យើងអាចសំលឹងឃើញថា ជនជាតិចិន ពិតជាទទួលបានការទទួលស្គាល់ទាំងក្នុងពិភពលោកនិងក្នុងប្រទេសខ្មែរយើង ពេលណាដែលឃើញគ្រួសាររកស៊ីមានបានគេច្រើនតែហៅថា ចិនៗជាប់មាត់ (សំដៅលើអ្នករកស៊ី មិនថា ខ្មែរ ខ្មែរកាត់ចិន និងចិនឆៅ)។

ឥឡូវ ខ្មែរឡូត សូមណែនាំនូវអ្នកប្រាជ្ញជំនួញចិនដ៏ល្បីឈ្មោះមួយរូប គឺ ហ្វានលី (Fan Li) មិនត្រឹមតែជាទីប្រឹក្សារបស់ស្ដេចយៀក កូវជៀនដ៏ល្បីឈ្មោះមួយរូបនោះទេ លោកក៏ជាអ្នកប្រាជ្ញខាងជំនួញម្នាក់ផងដែរ លោកថែមទាំងមានភរិយាឈ្មោះស៊ីស៊ឺ (Xi Shi) ជាកំពូលសំរស់ទាំងបួនក្នុងប្រវត្តិសាស្ត្រចិនទៀតផង។ (សម័យផ្ការីកផ្ការោយ រឺ ឈុនឈៀវ)
ហ្វានលី អ្នកប្រាជ្ញជំនួញ និងទីប្រឹក្សាស្ដេចនគរយៀក កូវជៀន
ស៊ីស៊ឺ ប្រពន្ធរបស់លោកម្ចាស់ហ្វានលី
ក្បួនមាសទាំង១២ មានដូចតទៅ៖

រូបតំណាង តំរាជំនួញដែលបានសរសេរលើរនាបឫស្សី
១. សមត្ថភាពស្ទង់មើលដឹងចរិតនិស្ស័យរបស់មនុស្ស។​អ្នកត្រូវតែចេះអង្កេតចិរតលក្ខណៈមនុស្សតាមរយៈការឆ្លងកាត់ផ្ទាល់របស់អ្នក។

២. សមត្ថភាពអាចដឹកនាំគេបាន។ ពុំគួរវិនិច្ឆ័យអ្វីមួយទុកជាមុនលឿនរហ័សពេកនោះទេ។

៣. សមត្ថភាពនៅផ្តោតលើការរកស៊ីរបស់ខ្លួន។ កំណត់ឱ្យច្បាស់រវាងជីវិតផ្ទាល់ខ្លួន និងការរកស៊ី ចៀសវាងការច្របូកច្របល់ចូលគ្នា។

៤. សមត្ថភាពរៀបចំខ្លួនទុកជាមុន។ ការធ្វើអត្ថាធិប្បាយអ្វីមួយដែលពុំបានរៀបចំទុកមុន ពុំគួរធ្វើឡើយ។

៥. សមត្ថភាពអាចសម្របសម្រួលខ្លួនបាន។ សូមប្រាកដថាអ្នកត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបអ្វីមួយទាន់ហេតុការណ៍។

៦. សមត្ថភាពគ្រប់គ្រងការជំពាក់បំណុល។ កុំអនុគ្រោះឱ្យមានការមិនសងបំណុល។ សូមប្រាកដថាអ្នកបានប្រមូលអ្វីដែលគេជំពាក់មកវិញ។

៧. សមត្ថភាពប្រើ និង លើកដាក់មនុស្ស។ ប្រើប្រាស់កូនឈ្នួលយ៉ាងម៉េចអោយពួកគេបានបញ្ចេញនូវសក្ដានុពល និងសមត្ថភាពឱ្យអស់ពីខ្លួន។

៨. សមត្ថភាពចេះវោហារសាសព្ទក្បោះក្បាយ ហើយក៏ចេះធ្វើទីផ្សារផងដែរ។ អ្នកត្រូវតែចេះពន្យល់អតិថិជនអំពីគុណសម្បត្តិនៃទំនិញរបស់អ្នក។

៩. សមត្ថភាពលេចធ្លោខាងបញ្ជាទិញឥវ៉ាន់។ ប្រើប្រាស់នូវការគិតគូរបស់អ្នកយ៉ាងម៉ត់ចត់ក្នុងការបញ្ជាទិញឥវ៉ាន់ចូលស្តុកដែលកំពុងតែខ្វះខាត។

១០. សមត្ថភាពវិភាគឱកាស និងហានិភ័យនៃទីផ្សារ។ ត្រូវដឹងថាអ្វីដែលអ្នកកំពុងតែលក់ ត្រូវទៅតាមភូមិសាស្ត្រ និង ទំនោរចិត្តរបស់មនុស្ស។

១១. សមត្ថភាពធ្វើជាគំរូគេ។ ត្រូវកំណត់ច្បាប់វិន័យឱ្យច្បាស់លាស់។ សូមប្រាកដថាច្បាប់វិន័យទាំងនោះត្រូវបានគេអនុវត្តតាម ដើម្បីបង្ហាញនូវទំនាក់ទំនងគ្នាល្អ។

១២. សមត្ថភាពអាចប្រមើលមើលឃើញនូវឱកាសរកស៊ីនៅពេលខាងមុខ។ យល់ដឹងនូវទំនោរ និង វដ្ដនៃទីផ្សារ។

ក្បួននិរភ័យមាសទាំង១២៖

១. កុំកំណាញ់ៈ កុំបញ្ចូល គុណសម្បត្តិ ឡូកឡំជាមួយភាពអមនុស្សធម៌​ឱ្យសោះ។

២. កុំស្ទាក់ស្ទើរៈ មានភាពជឿជាក់ក្នុងការស្វែងរកឱកាស រឺកាលានុវត្តភាព។ ពេលវេលាពិតជាមានសារៈសំខាន់។

៣. កុំហ៊ឺហារៈ កុំចាយហួសហេតុហួសប្រមាណដើម្បីសំញ៉ែងឫកគេឯង។

៤. កុំគ្មានសេចក្ដីស្មោះត្រង់ៈ សេចក្ដីទៀងត្រង់គឺជាបាតគ្រឹះតែមួយគត់នៃមុខជំនូញ។ បើគ្មានវា អ្នកនោះនឹងត្រូវរងនូវក្ដីអន្តរាយ។

៥. កុំយឺតយ៉ាវក្នុងការប្រមូលបំណុលៈ បើគ្មានការប្រមូលបំណុល ការបង្វិលសាច់ប្រាក់នឹងរងផលប៉ះពាល់។

៦. កុំបញ្ចុះតម្លៃតាមអំពើចិត្តៈ ការណ៍នេះនឹងគ្រាន់តែជាការប៉ះទង្គិចគ្នាឱ្យមានការប្រជែងតម្លៃ ក្នុងនោះដែរ ម្នាក់ៗមានតែការខាតបង់តែប៉ុណ្ណោះ។

៧. កុំផ្អើលតាមគេៈ បង្កើតកាលៈទេសៈឱ្យពិតប្រាកដ និងមិនមែនជាការផ្អើលមួយឆាវៗនោះឡើយ។

៨. កុំប្រឆាំងនឹងដំណើរវដ្តនៃការរកស៊ីៈ នៅពេលអ្វីៗចុះថ្លៃ អ្វីៗទាំងនោះក្រោយមកនឹងកើនតម្លៃឡើងវិញ ហើយនិងអាចខុសស្រឡះពីអ្វីខាងដើមទាំងពីរនេះ។

៩. កុំរស់ដូចកង្កែបក្នុងអណ្ដូងៈ សូមថែមអ្វីដែលថ្មីៗនិងធ្វើឱ្យរីកចំរើនឡើង។ អង្កេតសិក្សាអ្វីថ្មីៗឱ្យបានគត់មុត។

១០.កុំចាយហួសខ្ទង់ៈ ប្រាក់កាសមិនមែនជាអាជ្ញាបណ្ណដើម្បីតែចាយវាយពាសវាលពាសកាលនោះទេ។

១១. កុំទុកប្រាក់កាសតិចតួចពេក (សូមបំរុងដើមទុនឱ្យបានច្រើន)។ នៅពេលអាជីវកម្មមួយចុះថមថយល្បឿន អ្នកដែលមានប្រាក់កាសស្រាប់អាចពង្រីកអាជីវកម្មបាន ក្នុងគ្រាដែលអាជីវកម្មរបស់អ្នកដទៃទៀតបានបិទទ្វារ។

១២. កុំយល់ព្រមឱ្យផលិតផលគេលក់ដោយមិនបានមើលម៉ត់ចត់។ សូមប្រាកដថាអ្នកលក់របស់អ្នកនៅតែអនុវត្តទៅតាមទំរង់ការប្រតិបត្តិការស្ដង់ដារដដែល។

សូមស្វែងយល់បន្ថែម ក្នុងសៀវភៅ ពីរក្បាលដែលមាន ចំនងជើងថា The Twelve Golden Rules និង The Twelve Golden Safeguards ដែលមានលក់នៅសិង្ហបុរី ជាភាសាចិនកុកងឺ និងអង់គ្លេស។

យល់យ៉ាងណាដែរ? អ្នកទាំងអស់គ្នា! បើសិនជាមានគំនិតថ្មីបន្ថែមអាចដាក់វិចារណ៍ខាងក្រោមបាន។ ខាងលើជាអ្វីដែលយើងខ្ញុំបានដកស្រង់ចេញពីគំនិតរកស៊ីរបស់ជនជាតិចិនកាលពីបុរាណតែប៉ុណ្ណោះ៕