នៅវ័យក្មេងសោះ ម៉េចស្រីៗខ្លះ ជ្រុះសក់ខ្លាំងម៉្លេះ?
បញ្ហាសក់ជ្រុះ ៥០សរសៃ ឬលើសនេះ/ថ្ងៃ ជារឿងធម្មតាទេ តែបើឃើញជ្រុះច្រើនទៅៗ សក់នៅលើក្បាលស្ដើងទៅៗ ធ្វើឲ្យគ្នាយើងស្រីៗមិនបារម្ភមិនបានទេ។ មូលហេតុបណ្ដាលឲ្យជ្រុះសក់ភាគច្រើនបណ្ដាលមកពីកត្ដាតំណពូជ តែខាងក្រោមនេះក៏អាចជាមូលហេតុបណ្ដាលឲ្យសក់យើងជ្រុះខ្លាំង ទាំងវ័យនៅក្មេងដូចគ្នា។
១. របបអាហារមិនត្រឹមត្រូវ
គ្នាយើងច្បាស់ជាធ្លាប់ឮហើយថា របបអាហារចម្រុះសំខាន់ដល់រាងកាយ ប៉ុន្តែយើងប្រហែលមិនសូវចាប់អារម្មណ៍ទេថា របបអាហារសម្បូរវីតាមីន និងរ៉ែគ្រប់គ្រាន់ក៏មានឥទ្ធិពលដល់ការលូតលាស់សក់ដែរ។ សក់ត្រូវការថាមពលខ្លាំងដើម្បីលូតលាស់ ហើយបើយើងញ៉ាំជាតិប្រូតេអ៊ីន ជាតិដែក វីតាមីន និងអាស៊ីដខ្លាញ់មិនគ្រប់គ្រាន់ទេនោះ សក់ច្បាស់ជាចាប់ផ្ដើមជ្រុះមកមិនខាន។
២. ស្ត្រេស
បញ្ហាស្ត្រេស មិនថាស្ត្រេសរ៉ាំរ៉ៃ ឬស្រួចស្រាល់ទេសុទ្ធតែអាចធ្វើឲ្យវដ្ដនៃការលូតលាស់សក់យឺត។ នៅពេលដែលយើងស្ត្រេស រាងកាយផលិតអ័រម៉ូនមួយហៅថា cortisol ដែលជំរុញឲ្យសក់ចូលទៅដំណាក់កាលសម្រាក លូតលាស់យឺតខ្លាំង។
៣. ប្រែប្រួលអ័រម៉ូន
អ័រម៉ូនប្រែប្រួលក៏ជាកត្តាមួយបណ្ដាលឲ្យស្រីៗយើងជ្រុះសក់បានដែរ ពិសេសស្ត្រីពពោះ ឬស្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើត។ អំឡុងពេលពពោះ កម្រិតអ័រម៉ូន estrogen ឬ progesterone បណ្ដាលឲ្យសក់យើងឆាប់ដុះវែង និងរលោង តែដល់ពេលសម្រាលរួច កម្រិតអ័រម៉ូនទាំងនោះធ្លាក់ចុះខ្លាំង ជាហេតុបណ្ដាលសក់ចាប់ផ្ដើមជ្រុះ។
៤. អ៊ុត កៀបសក់ខ្លាំងពេក
ការបំផ្លាញសក់ដោយកម្ដៅអាចបណ្ដាលឲ្យសក់ខូច ឆាប់ដាច់ និងសក់ជ្រុះ ពិសេសបើយើងប្រើម៉ាស៊ីនកៀប មូលរួញសក់ជាប្រចាំ ឬមួយក៏លាបសក់ញឹកញាប់។ លើសពីនេះ ការចងសក់តឹងៗជាប្រចាំ ក៏អាចធ្វើឲ្យសក់យើងជ្រុះបានដូចគ្នា។
៥. ប្រើប្រាស់ថ្នាំមួយចំនួន
បញ្ហាជ្រុះសក់ក៏អាចបណ្ដាលមកពីថ្នាំដែលយើងកំពុងប្រើដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំព្យាបាលជំងឺមហារីក រលាកសន្លាក់ និងជំងឺបាក់ទឹកចិត្ត។ មួយវិញទៀត ការជ្រុះសក់ក៏អាចមានទាក់ទងនឹងបញ្ហាសុខភាពយើងផ្ទាល់ដែរ ដូចជាជំងឺបេះដូង ជំងឺមហារីក ឬលើសសម្ពាធឈាមជាដើម។