កំពូលតារាចម្រៀងព្រាប សុវត្ថិ ៖ជាតារាមានទ្រព្យច្រើនជាងគេនៅឆ្នាំ២០២១
ភ្នំពេញ៖នៅឆ្នាំ២០២១នេះតារាខ្មែរដែលមានទ្រព្យច្រើនជាងគេមានដូចជាលោកព្រាប សុវត្ថិ,ចា រិទ្ធី,ខេមរៈ សិរីមន្ដ ,យុគ ចិន្ដា ,គង់ សុជាតិ ,ខាត់ សុឃីម និងកែវ ស្រីនាង ជាដើមដែលតារាខាងលើមានទ្រព្យរាប់លានដុល្លារ ខណៈដែលអ្នកនាងខាត់ សុឃីម វិញទោះជាមុននេះនាងចាញ់បោកលោកឧកញ៉ាម្នាក់អស់លុយ៩០ម៉ឺនដុល្លារធ្វើឲ្យអ្នកខ្លះថាសុឃីម ធ្លាក់ខ្លួនក្ដី ប៉ុន្ដែពេលនេះសុឃីម នៅមានដីធ្លីមួយចំនួនទៀតដែលមិនបានធ្វើឲ្យនាងដុនដានដូចអ្នកនាងខ្ញុង ដែលរកស៊ីខាត៥៧២០០០ដុល្លារសុំជំនួយពីមហាជននោះទេ។
យ៉ាងណាគេកត់សម្គាល់ថាក្នុងចំណោមតារាខាងលើគឺមានតែកំពូលតារាចម្រៀងព្រាប សុវត្ថិ ម្នាក់ប៉ុណ្ណោះដែលត្រូវមនុស្សជំនិតឬជាទីប្រឹក្សាររបស់លោកទម្លាយកាលពីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០ថាអតីតតារាហង្សមាសខាងលើមានទ្រព្យសរុបខ្ទង់ប្រមាណ៣០លានដុល្លារធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលព្រោះទឹកលុយនេះសម្រាប់តារាខ្មែរគឺមានទំហ៊ុំធំធេងនិងច្រើនខ្លាំងណាស់។
តែលោកព្រាប សុវត្ថិ មិនដែលចេញមុខអះអាងរឿងលុយ៣០លានដុល្លារនោះដោយផ្ទាល់ឡើយ ប៉ុន្ដែបើផ្អែកទៅលើទ្រព្យរបស់លោកនាពេលបច្ចុប្បន្ននោះគឺអាចនឹងលើសពីចំនួនខាងលើផង។ព្រាប សុវត្ថិ មានដីធ្លីជាច្រើនកន្លែងរួមទាំងបង្កើតមុខរបរក្រៅសិល្បៈជាបន្ដបន្ទាប់ក្នុងនោះមានដូចជាភោជនីយដ្ឋាន”ផ្ទះព្រាប សុវត្ថិ”នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងកំពុងសាងសង់Resort នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី ខណៈដែលោកមានហាងកាត់សម្លៀកបំពាក់ រួមទាំងហាងកាត់សក់តំណើរការជាច្រើនឆ្នាំមកហើយ។
តារាសម្ដែងជើងចាស់អ្នកស្រីឌី សាវ៉េត សម្ដែងការសាទចំពោះលោកព្រាប សុវត្ថិ ហើយលោកស្រីក៍បានភ្ញាក់ផ្អើលចំពោះលោកស្នាយ ដែលមានលុយច្រើនដល់ថ្នាក់នេះ ផងដែរ។អ្នកស្រីសាវ៉េត ថាព្រាប សុវត្ថិ នឹងកាន់តែចម្រុងចម្រើនថែមទៀតព្រោះលោកចេះគោរឪពុកម្ដាយនិងចាស់ទុំណាស់។
ថ្វីត្បិតតែមតិមហាជនចាត់ទុកថាលោកព្រាប សុវត្ថិ វ៉ាដាច់គេរឿងមានទ្រព្យច្រើននៅឆ្នាំ២០២១នេះក្ដី ប៉ុន្ដែសម្រាប់តារាផ្សេងៗទៀតដូចជាលោកខេមរៈ សិរីមន្ដ ,ចា រិទ្ធី និងយុគ ចិន្ដា ជាដើមនោះមិនទាន់ប្រកាសពីទ្រព្យរបស់ពួកគេជាសាធាណៈឡើយ។
ចំណែកព្រាប សុវត្ថិ ដែលគេចាត់ទុកប្រៀបបានជាឧកញ៉ាឬសេដ្ឋីក្នុងសិល្បៈនាពេលបច្ចុប្បន្ននេះវិញអាជីពចម្រៀងរបស់លោកហាក់ពិបាកសន្និដ្ឋានបានថាលោកនៅតែឈានមុខគេនៅឆ្នាំ២០២១នេះព្រោះតែតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxyជាង១ឆ្នាំមកនេះទស្សនិកជនដែលស្រលាញ់គាំទ្រលោកជាង២០ឆ្នាំទៅហើយនោះភាគច្រើនបំផុតគឺពួកគេនៅតែនិយមស្ដាប់បទចម្រៀងរបស់លោកនៅហង្សមាសគ្រប់ច្រកល្ហកដដែល។
តែចំនួនទ្រព្យដែលព្រាប សុវត្ថិ មាននាពេលបច្ចុប្បន្ននេះទោះជាលោកលែងច្រៀងសម្ដែងទៀតក៍មិនជួបវិបត្តិសេដ្ឋកិច្ចដែរព្រោះថាពេលនេះអតីតតារាហង្សមាសបានងាកទៅបុករកស៊ីផ្នែកអចលនទ្រព្យវិញម្ដង ដោយមិនសូវសម្រុកក្នុងការចេញចម្រៀងដូចមុនទៀតទេ។អ្វីដែលព្រាប សុវត្ថិ កាន់តែគ្មានក្ដីបារម្ភនោះទោះជាលោកខកខានឡើងឆាកតន្រ្ដីជាច្រើនខែក្ដី ប៉ុន្ដែតាមព័តមានថាលោកទទួលបានប្រាក់ខែចំនួន៨០០០ដុល្លារជារៀងរាល់ខែពីGalaxyពីកុងត្រាចំនួន៥ឆ្នាំ។តែរឿងរ៉ាវនេះ ត្រូវបានលោកឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មមួយនេះធ្លាប់ប្រកែកដោយអះអាងថាលោកព្រាប សុវត្ថិ ចូលផលិតកម្មលោកដោយបេះដូងមិនមែនយកលុយជាធំឡើយ។
ក្រៅពីមិនសូវមានបទចម្រៀងខ្លាំងៗដូចមុនលោកព្រាប សុវត្ថិ ដែលមានវ័យ៤៦ឈានចូល៤៧ឆ្នាំនោះក៍មិនទាន់បានធ្វើឲ្យទីផ្សារចម្រៀងកូនៗទាំង៣របស់លោកផ្ទុះខ្លាំងដូចមុនដែរតាំងពីលោកប្ដូរផលិតកម្មច្រៀងនេះ ខណៈដែលកនប្រុសទី៣ឈ្មោះសុវត្ថិ សិរីវិឌ្ឍ ក្រោយចេញពីហង្សមាសជិត១ឆ្នាំនោះរូបគេនៅធ្វើជាតារាចម្រៀងឯករាជ្យមិនទាន់ចូលផលិតកម្មណាទេ ព្រមទាំងបើកStudio ដោយខ្លួនឯងទៀតផង។
អ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានយល់ឃើញថាភាពស្ងប់ស្ងាត់បន្ដិចរបស់លោកព្រាប សុវត្ថិ នៅពេលនេះអាចជាការរៀបក្បួនណាមួយរបស់អតីតតារាហង្សមាសរូបនេះដើម្បីចេញមកផ្ទុះជាមួយកូនទាំង៣របស់លោកឡើងវិញនាពេលខាងមុខជាមិនខាន៕