ឆាប់ជូនដំណឹងទៅពេទ្យភ្លាមៗ! ទាំងនេះជាអាការអ្នកកើតកូវីដបំប្លែងថ្មី ប្រភេទ «អូមីក្រុង»
វីរុសបំប្លែងខ្លួនថ្មី ប្រភេទ B.1.1.529 ឈ្មោះថា អូមីក្រុង (Omicron) ត្រូវបានរាយការណ៍ដំបូង ទៅអង្គការសុខភាពពិភពលោក នៅថ្ងៃទី ២៤ វិច្ឆិកា ២០២១ នៅឯប្រទេសអាហ្រ្វិចខាងត្បូង ខណៈករណីឆ្លងវីរុសដំបូង បានកើតឡើងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធដំបូងគេ។
ទាក់ទិនទៅនឹងវីរុសកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ដែលទើបតែចេញមួយនេះ បើតាម វេជ្ជបណ្ឌិត និង ជាប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) លោកស្រី Angelique Coetzee បានបញ្ជាក់ពីរោគសញ្ញា នៃជំងឺកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Omicron
ឱ្យបានដឹងថា អ្នកដែលឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទនេះ មានចេញអាការខុសៗគ្នាទៅតាមវ័យ និង ទៅតាមស្ថានភាពសុខភាព ដោយរោគសញ្ញាជារួមរបស់វា គឺមានដូចជា អស់កម្លាំង ឈឺសាច់ដុំ មានអារម្មណ៍មិនស្រួលខ្លួន ២ ទៅ ៣ ថ្ងៃ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ ខណៈគ្មានអ្នកឆ្លងណាមួយ បានបាត់បង់ក្លិន ឬ បាត់បង់រសជាតិនោះឡើយ។
បន្ថែមលើសពីនេះ ប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូងខាងលើ បានឱ្យដឹងទៀតថា អាការរបស់អ្នកជំងឺ អាចវិវត្តទៅជាធ្ងន់ធ្ងរ ប្រសិនបើពួកគេ ជាអ្នកដែលស្ថិតនៅក្នុងក្រុមមនុស្សវ័យចំណាស់ អ្នកមានជំងឺធ្ងន់ធ្ងរប្រចាំកាយ និង អ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង។
គួរឱ្យដឹងផងដែរថា មកទល់ពេលនេះ អង្គការសុខភាពពិភពលោក កំពុងព្រួយបារម្ភចំពោះ វីរុសកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ថាអាចនឹងមានលទ្ធភាពក្នុងការចម្លង ឬ ឆ្លងទៅលើមនុស្សដែលធ្លាប់បានឆ្លងរួចទៅហើយឬអត់? ហើយមិនទាន់ដឹងនៅឡើយថា វ៉ាក់សាំង កូវីដ-១៩ មានប្រសិទ្ធភាព ទៅលើវីរុសប្រភេទថ្មីនេះដែរឬទេ៕