ត្រៀមចូលរួមទៅ! ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» គ្រោងនឹងរៀបចំឡើង ក្នុងពេលឆាប់ៗនេះ
សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រ ព្រះមហាក្សត្រីជំនាន់មុន ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ និងអ្នកគ្រប់គ្រង អភិរក្ស ជួសជុល ថែទាំ រក្សាសំណង់ប្រាសាទអង្គរគ្រប់ជំនាន់ដើម្បីជាសារប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន។
ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថាព្រឹត្តិការណ៍រំលឹកគុណអង្គរនឹងគ្រោងរៀបចំចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ការសម្ដែងសិល្បៈនៅពេលរាត្រី និងស្ដង់ពិព័រណ៍បង្ហាញពីការងារ និងសមិទ្ធផលការងារទូទៅដែលអាជ្ញាធរជាតិអប្សរាសម្រេចបានដើម្បីកិច្ចការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ដែលជាមរត៌កបេតិកភណ្ឌពិភពលោក។
ឯកឧត្តមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំសាកល្បង ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២តទៅ ។ ដោយឡែក ក៏នឹងមានព្រឹត្តិការណ៍សាសនា និងសម្ដែងសិល្បៈ ឧបត្តម្ភទាំងស្រុងដោយវិស័យឯកជនផងដែរ មុនកិច្ចដំណើរការបើកពិធីចាប់ពីថ្ងៃទី១៤ នៅចន្លោះថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២១ ផងដែរ។
ព្រឹត្តិការណ៍នេះ ក៏នឹងបើកឱកាសដល់សាធារណជនអាចចុះឈ្មោះដើម្បីទស្សនកិច្ចស្វែងយល់អំពីការងារនៅតាមការដ្ឋានជួសជុលប្រាសាទនានាដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការផងដែរ។ បន្ថែមលើសនេះ សាធារណជនក៏អាចដឹងកាន់តែច្បាស់ពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕
អត្ថបទ៖ ខ្មែរឡូត