រូបមន្តងាយៗ សម្អាតប្រព័ន្ធរំលាយអាហារយ៉ាងមានប្រសិទ្ធភាព!
អាហារកែច្នៃច្រើនជ្រុល គួបផ្សំនឹងបែបបទរស់នៅដ៏មមាញឹក អាចធ្វើឲ្យបំពង់រំលាយអាហាររបស់យើងមានភាពអសកម្ម រលាក និងនឿយហត់។ របបអាហារបំបាត់ជាតិពុល អាចជាវិធីដ៏ល្អមួយក្នុងការចាប់ផ្ដើមញ៉ាំរបបអាហារសុខភាព ខណៈពេលដែលវាសម្អាតប្រព័ន្ធរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ រាងកាយរបស់យើងមានប្រព័ន្ធកម្ចាត់ជាតិពុលចេញពីរាងកាយរួចជាស្រេច ហើយភាគច្រើនគឺដោយសារតែថ្លើមរបស់យើងផ្ទាល់។ ដើម្បីគាំទ្រដល់ដំណើរបន្សាបជាតិពុលនេះ យើងគប្បីកាត់បន្ថយអាហារកែច្នៃ និងគ្រឿងស្រវឹង ដោយងាកមកញ៉ាំពពួកអាហារសុខភាពដូចជាបន្លែ និងផ្លែឈើ ប្រូតេអ៊ីនគ្មានខ្លាញ់ និងជៀសវាងការជក់បារី។ យ៉ាងណាមិញ គ្នាយើងក៏អាចបន្ថែមប្រភេទអាហារទាំងនេះ ដើម្បីជួយឲ្យប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើង។
១. ទឹកផ្លែឈើ ឬបន្លែស្រស់
ការញ៉ាំទឹកផ្លែឈើ ឬបន្លែស្រស់ចំនួនពីរបីកែវ អាចជួយផ្ដល់សារធាតុចិញ្ចឹមចាំបាច់ និងជាតិសរសៃដែលល្អចំពោះសុខភាពពោះវៀន ព្រមទាំងជួយពង្រឹងដល់បំពង់រំលាយអាហារ។ ដូចនេះហើយ យើងគប្បីញ៉ាំភេសជ្ជៈប្រភេទនេះ ជាមួយនឹងអាហារសុខភាព ទើបជាការប្រសើរ។ ប៉ុន្តែយើងមិនគួរញ៉ាំទឹកផ្លែឈើ ឬបន្លែនៅក្នុងរយៈពេលវែងឡើយ ពីព្រោះការលាងសម្អាតប្រព័ន្ធរំលាយអាហារលើសពី៣ថ្ងៃ អាចបណ្ដាលឲ្យមនុស្សមួយចំនួនទទួលផលប៉ះពាល់ ដោយបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ ដូចជាប្រូតេអ៊ីន និងខ្លាញ់ ព្រមទាំងធ្វើឲ្យបាត់បង់សាច់ដុំ កាត់បន្ថយមុខងារខួរក្បាលនិងរំខានដល់អ័រម៉ូនរបស់យើងថែមទៀតផង។
២. អាហារជាតិសរសៃ
ជាមួយគ្នានេះដែរ អាហារជាតិសរសៃគឺជាសមាសធាតុសំខាន់ក្នុងការសម្អាត ពីព្រោះវាជួយឲ្យរាងកាយរបស់យើងកម្ចាត់ចោលកាកសំណល់បានយ៉ាងស័ក្ដិសិទ្ធិ។ ជាតិសរសៃស្រូបយកទឹក ដើម្បីពង្រីក និងជួយដល់ពោះវៀនតូចផ្នែកខាងក្រោម ដើម្បីបណ្ដេញកាកសំណល់ចេញមកក្រៅ។ រីឯអាហារដែលមានជាតិសរសៃខ្ពស់មានដូចជាពពួកបន្លែ និងផ្លែឈើ មានផ្លែក្រូច សារី ប៊ឺរី ត្រសក់ស្រូវ ផ្កាខាត់ណាខៀវ ការ៉ុត សណ្ដែក គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជជាដើម។
៣. ប្រូបាយអូទិក (ពពួកបាក់តេរីល្អ)
ប្រូបាយអូទិកគឺជាបាក់តេរីល្អដែលចាំបាច់សម្រាប់ការរំលាយអាហារត្រឹមត្រូវ។ ពួកវាក៏អាចជួយសម្អាតបំពង់រំលាយអាហារផ្នែកខាងក្រោម និងស្ដារសុខភាពប្រព័ន្ធរំលាយអាហារឲ្យល្អឡើងវិញ។ បាក់តេរីប្រូបាយអូទិករួមបញ្ចូលAcidophilus និងBifidus ដែលមាននៅក្នុងទឹកដោះគោជូរ និងអាហារដែលផ្សំពីសណ្ដែក។