អង្គការ WHO ដាក់ឈ្មោះឲ្យមេរោគបំប្លែងថ្មីថា «Omicron» និងចាត់ទុកជាមេរោគដែល «គួរឲ្យបារម្ភ», ការតាមដានឥទ្ធិពលរបស់វា កំពុងបន្តទៅមុខ
(វ៉ាស៊ីនតោន)៖ អង្គការសុខភាពពិភពលោក (WHO) ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ឈ្មោះវីរុសបំប្លែងថ្មី «B.1.1.529» ដែលទើបត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង នោះជាផ្លូវការថា «អូមីក្រន់» (Omicron) និងចាត់ទុកថា «វាជាវីរុសដែលគួរឲ្យបារម្ភ» ខណៈស្លាកនេះត្រូវបាន WHO ដាក់ឲ្យមេរោគបំប្លែងខ្លួនចំនួន ៤ ប៉ុណ្ណោះកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ការរកឃើញវីរុសបំប្លែងថ្មីខាងលើនេះដែរ បាននិងកំពុងធ្វើឲ្យពិភពលោក ប្រកាសអាសន្នជាថ្មីម្តងទៀត ខណៈប្រទេសកាន់តែច្រើន ដែលមានជើងហោះហើរ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ខ្លះបានរាំងខ្ទប់ការធ្វើដំណើររួចរាល់ និងខ្លះទៀតកំពុងគិតពិចារណា។ មកទល់ពេលនេះ ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងផ្សេងទៀតដូចជាបុតស្វាណាជាដើម ទីក្រុងហុងកុងរបស់ចិន, ប្រទេសអ៊ីស្រាអែល និងប្រទេសប៊ែលហ្សិក សុទ្ធតែបានប្រកាសរកឃើញ ករណីឆ្លងដំបូងៗនៃវីរុសបំប្លែងថ្មី Omicron។
នៅក្នុងកិច្ចប្រជុំរបស់ WHO កាលពីថ្ងៃសុក្រសប្តាហ៍នេះ វេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកគ្រប់គ្រងកម្មវិធីសង្គ្រោះរបស់ WHO បានលើកឡើងថា «វាពិតជាសំខាន់ខ្លាំងណាស់ ដែលយើងទាំងអស់គ្នា មិនត្រូវធ្វើការឆ្លើយណាមួយ ដោយភាពទន់ជ្រាយ»។ លោកក៏បានកោតសរសើរផងដែរ ចំពោះក្រុមអ្នកស្រាវជ្រាវនៅ ប្រទេសអាហ្វ្រិកខាងត្បូង ដែលអាចរកឃើញមេរោគបំប្លែងថ្មីរបស់ COVID-19 នេះ។
ជុំវិញសំនួរថា តើវាយឺតពេលឬនៅសម្រាប់ពិភពលោក ក្នុងការរាំងខ្ទប់ការធ្វើដំណើរ ពីតំបន់អាហ្វ្រិកខាងត្បូងនោះ? អ្នកជំនាញម្នាក់មកពីសាកលវិទ្យាល័យហុងកុង ឈ្មោះ ប៊ិន ខាវលីង (Ben Cowling) បានលើកឡើងថា «មេរោគនេះទំនងជាមាននៅ កន្លែងផ្សេងៗទៀតរួចទៅហើយ។ ដូច្នេះ, ប្រសិនបើយើងបិទទ្វារឥឡូវនេះ វាប្រហែលជាយឺតពេលហើយ»។
សាស្ត្រាចារ្យ ឡរិនស៍ យុំាង (Lawrence Young) អ្នកឯកទេសផ្នែកមេរោគ មកពីសាកលវិទ្យាល័យ Warwick ចក្រភពអង់គ្លេស បានលើកឡើងថា «មេរោគបំប្លែងថ្មី (Omicron) របស់ COVID-19 មួយនេះ គឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។
វាគឺជាកំណែផ្លាស់ប្តូរយ៉ាងខ្លាំងបំផុតនៃមេរោគ ដែលយើងបានឃើញរហូតមកដល់បច្ចុប្បន្ន»។ បើតាមអ្នកជំនាញរូបនេះ រាល់មេរោគបំប្លែងថ្មី តែងតែមានការចម្លង ខ្លាំងជាងមេរោគបំប្លែងមុនៗ ព្រោះតែការធន់នឹងប្រព័ន្ធភាពសុំា ដែលបង្កើតឡើងដោយវ៉ាក់សាំង និងដោយធម្មជាតិ។
គួរបញ្ជាក់ថា ទោះបីជាក្រុមអ្នកជំនាញតាមប្រទេសនានា បានបង្ហាញការយល់ឃើញ ស្រដៀងៗគ្នាអំពីឥទ្ធិពលនៃវីរុសបំប្លែងថ្មី Omicron ថា អាចចម្លងរហ័សជាង Delta និងមានសមត្ថភាពយកឈ្នះវ៉ាក់សាំងនានា ក្នុងពេលបច្ចុប្បន្នក្តី ក៏ក្រុមជំនាញរបស់ WHO នៅតែត្រូវការពេលវេលាបន្ថែម យ៉ាងណាស់ក៏រាប់សប្តាហ៍ទៅមុខទៀតដែរ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីបម្រែបម្រួលរបស់វា ជាពិសេសទៅលើសមត្ថភាពនៃការចម្លង បើធៀបនឹងវីរុសបំប្លែងថ្មីផ្សេងទៀត ព្រមជាមួយនឹងឥទ្ធិពលរបស់វា ចំពោះវ៉ាក់សាំងផងដែរ៕