អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលសម្រាកនៅផ្ទះ តែប្រហែសរឿងនេះបន្តិចត្រូវជាប់ទោសហើយ
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំបានប្រកាសឱ្យអ្នកជំងឺកូវីដ-១៩ ដែលមានកម្រិតស្រាល ត្រូវសម្រាកនៅផ្ទះ ដោយខណ្ឌនីមួយៗត្រូវបង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៏ជួយប្រជាពលរដ្ឋដែលត្រូវការជំនួយដែលមានការញាំញីពីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលានិងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។
ជាមួយគ្នានេះ នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ ដើម្បីគ្រប់គ្រងសំរាមដែលបង្កើតឡើងដោយអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះឱ្យបានល្អ និងដើម្បីចៀសវាងការឆ្លងបន្តទៅអ្នកដទៃ ព្រមទាំងងាយស្រួលដល់ប្រតិបត្តិករប្រមូលសំរាម ក្នុងការប្រមូល និងដឹកជញ្ជូននោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១.ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត
២.ត្រូវធ្វើការបាញ់ថ្នាំ ឬអាល់កុល សំលាប់មេរោគកូវីដ-១៩ នៅលើសំរាមទាំងក្នុង និងខាងក្រៅស្បោងហើយទុកដាក់សំរាមដាច់ដោយឡែកលើសពី៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន
៣.ត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល
៤.ត្រូវប្រើប្រាស់ស្បោងសំរាម ដែលមានចំណុះ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឱ្យបានរយៈពេល០៥ថ្ងៃយ៉ាងតិច ដើម្បីចៀសវាងបញ្ចេញសំរាមរាល់ថ្ងៃ។
ក្នុងករណីដែលមិនបានសហការ និងមិនអនុវត្តតាមការណែនាំខាងលើនេះទេ ហើយបង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តទទួលខុសត្រូវតាមមាត្រាទី០៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់លារឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនេះ និងប្រកបដោយគ្រោងថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលប្រកាសឱ្យប្រើដោយព្រះរាជលេខ នស/រកម/០៣២១/០០៤ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលបានចែងថា “អំពើចម្លងដោយចេតនានូវជំងឺកូវ-១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ”និងលិខិតបទដ្ឋានពាក់ព័ន្ធដែលមានជាធរមាន។