អ្នកមិនចាំបាច់តម្រូវចិត្តមនុស្សគ្រប់គ្នាក៏បាន! រៀនធ្វើជាខ្លួនឯង ទើបអ្នកដទៃគេឲ្យតម្លៃ
តើអ្នកធ្លាប់គិតទេថា បច្ចុប្បន្នអ្នកមានសភាពខុសពីមុន?
ខ្ញុំមានអារម្មណ៍ថា ខ្ញុំប្លែកខុសពីមុនច្រើន ហើយរឿងនេះ វាក៏ធ្លាប់ដាក់សម្ពាធមកលើខ្ញុំខ្លាំងដែរ ដោយសារតែខ្ញុំតម្រូវចិត្តមនុស្សពេក។ ហើយក៏ព្យាយាមបត់បែនតាមកាលៈទេសៈ និងមជ្ឈដ្ឋានជុំវិញខ្លួនដែរ ព្រោះតែចង់ឲ្យអ្នកដទៃគេចូលចិត្ត និងឲ្យតម្លៃមកខ្ញុំវិញ។
បន្ទាប់ពីខ្ញុំភ្ញាក់ខ្លួនបន្តិច ខ្ញុំក៏បានចោទសួរទៅខ្លួនឯងថា មុននឹងធ្វើអ្វីមួយ មុននឹងតម្រូវតាមចិត្តអ្នកដទៃ តើខ្ញុំបានតម្រូវចិត្តខ្លួនឯងហើយ ឬ នៅ? តើខ្ញុំបានសាកល្បងធ្វើជាខ្លួនឯងឲ្យគេស្គាល់ និងដឹងពីខ្ញុំ ហើយ ឬនៅ? ចម្លើយដែលផុសចេញពីគំនិតរបស់ខ្ញុំនោះគឺ ខ្ញុំមិនទាន់ធ្វើជាខ្ញុំបាន នៅឡើយទេ។
ខ្ញុំគិតថា យើងមិនចាំបាច់តម្រូវចិត្តមនុស្សគ្រប់គ្នា ឬ ធ្វើអ្វីតាមតែចិត្តគេចង់បាននោះទេ។ ដរាបណាយើងអាចធ្វើជាខ្លួនឯងបាន ក៏បានន័យថា យើងនឹងមានភាពម្ចាស់ការ និងមានទំនួលខុសត្រូវលើខ្លួនឯងបានទៀតផង។
ហេតុដូច្នេះហើយ ខ្ញុំគិតថា ខ្ញុំគួរតែរៀនធ្វើជាខ្លួនឯង និងឲ្យតម្លៃលើខ្លួនឯងឲ្យបានច្រើន ដូចពាក្យមួយឃ្លាពោលថា “បើយើងមិនឲ្យតម្លៃខ្លួនឯង តើមាននរណាគេមកឲ្យតម្លៃយើង”។ បន្ថែមលើសពីនេះទៀត ខ្ញុំគិតថា បុគ្គលគ្រប់រូបត្រូវតែមានគោលការណ៏សម្រាប់ខ្លួនឯងឲ្យច្បាស់លាស់ជាមុនសិន រួមទាំងខ្ញុំផងដែរ នោះទើបអ្នកដទៃគេឲ្យតម្លៃមកយើងជាក្រោយ៕