ក្តៅៗ ក្រសួងសុខាភិបាល សម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង
រាជធានីភ្នំពេញ៖ យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១
បានឲ្យដឹងថាដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា អង្គការសុខភាពពិភពលោកបានរាយការណ៍
ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា “អូមីក្រុង” (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី។
ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលនៃកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០
នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា
ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) ដោយត្រូវចាប់អនុវត្តក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ។
ប្រទេសចំនួន១០ នោះរួមមាន៖ ១.Botswana ២.Eswatini ៣.Lesotho ៤.Mozambique ៥.Namibia ៦.South Africa ៧.Zimbabwe ៨.Malawi ៩.Angola និង ១០.Zambia ៕